ឥណ្ឌា គាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធំៗរបស់កម្ពុជា និងឯកភាពជំរុញជើងហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដេលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។
សេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ន ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និងថ្លែងអំណអរគុណ និងវាយតម្លៃខ្ពស់ដល់ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំ នៅកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) «ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការ លើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្ត កំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញវិនិយោគ របស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា។
លោកជំទាវអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏ប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសឆ្នាំ២០២៣នេះ ជាខួបលើកទី៧១ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងឥណ្ឌា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវអគ្គរដ្ឋទូត បានពិភាក្សាគ្នា លើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនា។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការជំរុញឱ្យមានជើង ហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដេលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បីទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន៕






អត្ថបទ៖ លីនី


