សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចុងឆ្នាំនេះ អាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងបើកដំណើរការ ខណៈអាកាសយានដ្ឋានថ្មីនៅតាខ្មៅ នឹងបើកដំណើរការដើមឆ្នាំក្រោយ
សេដ្ឋកិច្ច September 25, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ កញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អំឡុងខែវិច្ឆិកានិងខែធ្នូ ចុងឆ្នាំ២០២៣នេះ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅសៀមរាប ហើយនៅដើម ឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅក្រុងតាខ្មៅ ដែលអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដើម្បីតភ្ជាប់ផ្លូវអាកាសជាមួយប្រទេសនានាក្នុងតំបន់ និងសកលលោក។

តាមរយៈអាកាសយានដ្ឋានថ្មីទាំងពីរនេះ ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវទេសចរច្រើនចូលមកទស្សនាប្រទេសកម្ពុជា។ សម្ដេចបានឱ្យដឹងថា អាកាសយានដ្ឋានថ្មីទាំងពីរធំជាង អាកាសយានដ្ឋានចាស់ពីរទៅបីដង។

សូមបញ្ជាក់ថា ទេសចរណ៍កម្ពុជាចាប់ផ្ដើមងើបឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បានធូរស្រាយស្ទើរតែទាំងស្រុងក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕

ប្រភព៖ ក្រសួងព័ត៌មាន