ក្រុមហ៊ុនធំមួយ កំពុងសង់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ហើយគ្រោងរើសកម្មករនិយោជិត ៨.០០០នាក់
សេដ្ឋកិច្ច September 22, 2023 Khmernote

ក្រុមហ៊ុន Sun Fair Garment Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ គ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨.០០០នាក់ ចូលមកបម្រើការងារ។ នេះបើយោងតាមការចុះផ្សាយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមការចុះផ្សាយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរដោយឯកឧត្តមអគ្គលេខាធិការ និងប្រតិភូអមដំណើរ នាថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ក្នុងនោះដែរ គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចការដ្ឋានសាងសង់អាគាររោងចក្ររបស់ក្រុមហ៊ុន Sun Fair Garment Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co., Ltd. ដែលកំពុងវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ឱ្យម៉ាកល្បីៗ ដូចជា ណៃគី (Nike) ប៉ូឡូ (Polo) ពូម៉ា(Puma) និងលូលូឡេម៉ុន(Lululemon) ជាដើម។ ក្រុមហ៊ុន Sun Fair Garment Co., Ltd. កំពុងសាងសង់អាគាររោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទំហំផ្ទៃដីជាង ៤០ហិកតា និងគ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨.០០០នាក់ ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។

គួរជម្រាបផងដែរថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ ៣៣ អនក្រ.បក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានទីតាំងស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ហិកតា។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ខ្សែអគ្គិសនី បន្ទះសូឡា បរិក្ខារពេទ្យ កែច្នៃពេជ្រ បរិក្ខារសាងសង់ គ្រឿងសំអាង ចំណីអាហារនិងភេសជ្ជៈ ចំណីសត្វ ផលិតផលស្បែក សម្លៀកបំពាក់ និងស្បែកជើងជាដើម។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០កន្លែង៕

អត្ថបទ៖ លីនី