ក្រុមហ៊ុនវិនិយោគចិនមួយ មកពីខេត្ត អាន ហួយ ត្រៀមមកបណ្ដាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គ លេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគចិនមកពីខេត្ត អាន ហួយ ចូលជួប ពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វុទ្ធី បានសម្ដែងនូវការស្វាគមន៍និងគាំទ្រដល់ក្រុមហ៊ុនមួយ នេះ ដែលមានឆន្ទះខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគផលិតជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅក្នុងប្រទេសកម្ពុជា។
ចំពោះគម្រោងនេះ ឯកឧត្តមអគ្គលេខាធិការ បានផ្ដល់នូវអនុសាសាន៍គន្លឹះជូនទៅក្រុមហ៊ុនថា ដោយគម្រោងនេះជាគម្រោងធំ ដែលនឹងអាចត្រូវការទំហំដីវិនិយោគចាប់ពី១៥០ហិកតា សម្រាប់ដំណាក់កាលទីមួយ និងកើនឡើងរហូតដល់ ជាង៣០០ហិកតាសម្រាប់ការវិនិយោគសរុបនាពេលអនាគត ដូច្នេះក្រុមហ៊ុនគួរពិចារណាទៅលើចំណុចធំៗ ចំនួនបី ទី១) ការរៀបចំការគ្រប់គ្រងកាកសំណល់នៃការកែច្នៃសារធាតុគីមី, ទី២) ថាមពលអគ្គិសនី, និងទី ៣) ទីតាំង ដែលអាចជួយកាត់បន្ថយចំណាយនៃការដឹកជញ្ចូន។
ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនក៏បាន សម្តែងនូវការអគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបក្រុមហ៊ុន និង បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុន ដើម្បីរៀបចំខ្លួនក្នុងការមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យ ទទួលបានជោគជ័យ។
គួររំលឹកផងដែរថា ក្រុមហ៊ុនវិនិយោគនេះធ្លាប់បានបញ្ជូនមន្ត្រីជំនាញមកព្រះរាជាណាចក្រកម្ពុជាកាល ពីខែមីនា និងខែមិថុនាកន្លងទៅ។ នេះជាលើកទីបីហើយ ដែលក្រុមហ៊ុនបានសុំចូលពិន្យាការងារក៏ដូចជាទទួល បានអនុសាសន៍ណែនាំពីឯកឧត្តមអគ្គលេខាធិការ ដើម្បីសិក្សាលម្អិតអំពីទីតាំង និងបរិយាកាសវិនិយោគនៅ កម្ពុជា៕



អត្ថបទ៖ លីនី


