សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ប្រាប់ឱ្យអភិបាលខេត្តទាំងអស់ចេះទាក់ម៉ូយ ដើម្បីទាញអ្នកវិនិយោគមកកម្ពុជា។ សម្ដេចធិបតី បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី បានមានប្រសាសន៍ដូច្នេះថា៖ « ខេត្តនីមួយៗគួរប្រកួតប្រជែងគ្នាទាក់ម៉ូយ ឥឡូវយើងវិមជ្ឈការថ្នាក់ក្រោមជាតិហើយ សិទ្ធិច្រើនណាស់ ខេត្តនីមួយៗគួរតែចេញនៅក្នុងគោលការណ៍ណាមួយទាក់ម៉ូយ គោលការណ៍អនុគ្រោះ គោលការណ៍កម្រិតណា យើងអាចជជែកគ្នាក្នុងក្របខណ្ឌ ព្រោះឥលូវយើងវិមជ្ឈការ សិទ្ធិវិមជ្ឈការថវិកាហ្នឹង ប្រកួតគ្នាម៉ូយមើល….ឧទាហរណ៍ខេត្តខ្លះ មានសក្ដានុពលទេសចរណ៍ ក្រៅពីគោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល តើខេត្តហ្នឹងអាចផ្ដល់អនុគ្រោះអីបន្ថែមទៀតឱ្យដល់អ្នកវិនិយោគដើម្បីវិស័យទេសចរណ៍ ព្រោះនៅប្រទេសខ្លះគេប្រកួតគ្នាទាក់ម៉ូយ។ រាជរដ្ឋាភិបាលដើរទាក់ម៉ូយម្នាក់ឯងហត់ណាស់ បើទាក់មកបាន បើខេត្តនីមួយៗអត់ប្រកួតប្រជែងទាក់ម៉ូយថែមទៀតម៉េចជាប់ ព្រោះខ្ញុំបានទៅទាក់ម៉ូយហៅគេឱ្យមកមើល មកដល់នេះយើងជាអ្នកបង្ហាញគេថានៅបានអត់? ហើយបើនៅអាចហៅគេមកថែមទៀតអត់? ឬអាចពង្រីកខ្លួនបានអត់? »។
សម្ដេចធិបតី បានគូសបញ្ជាក់ថា៖ « រឿងទាក់ម៉ូយនេះ គឺទាក់ម៉ូយដើម្បីបានផលប្រយោជន៍ទាំងអស់គ្នា ទាក់ម៉ូយថ្នាក់ជាតិ ទី១. រៀបផ្ទះខ្លួនឯងឱ្យស្អាត សម្របសម្រួលបរិស្ថានគ្រួសាររបស់យើងនីមួយៗក្នុងវិស័យនីមួយៗឱ្យបានល្អ វិស័យការងារត្រូវឱ្យមានសុខុដុមរមនា កូនចៅកាន់តែសុខភាព កាន់តែមានសមត្ថភាព កម្លាំងពលកម្មកាន់តែទំនើប បន្តិចទៀតហៅគេមកវិនិយោគខាងបច្ចេកវិទ្យា មកបង្កើតអីផ្សេងៗ កូនចៅយើងទាល់តែត្រៀមខ្លួនលក្ខណៈ រៀនសូត្រ អប់រំឱ្យហើយ »។
សម្ដេចធិបតី បានបន្ថែមថា៖ « ខ្ញុំ ៣អាទិត្យនេះ គឺដើរទាក់ម៉ូយ មិនត្រឹមទាក់ម៉ូយក្នុងប្រទេសទេ ចេញទៅទាក់ម៉ូយក្រៅប្រទេស អាទិត្យមុនទៅទាក់ម៉ូយនៅអាស៊ាន ចេញទៅដើរជួបជាមួយមេដឹកនាំជប៉ុន មេដឹកនាំចិន មេដឹកនាំប្រទេសអាស៊ានទាំងអស់ ដែលអាចធ្វើទៅបាន ដើម្បីពង្រីកការទាក់ទងឱ្យគេមកវិនិយោគ និងនាំផលិតផលចេញ។ ខ្ញុំទើបតែត្រលប់មកពីប្រទេសចិន ទៅជួបជាមួយថ្នាក់ដឹកនាំចិននៅប៉េកាំង ហើយទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មរបស់យើងនៅទីក្រុងណាននីង ដើម្បីទាញវិនិយោគពីបណ្ដាប្រទេសចិន ហើយថ្ងៃទី២១ ខ្ញុំត្រូវទៅអាមេរិក ខ្ញុំគ្រោងជួបជាមួយអ្នកវិនិយោគអាមេរិក ជួបជាមួយសមាគមអ្នកវិនិយោគអាមេរិក-ខ្មែរ រៀបចំដោយសភាពានិជ្ជរបស់យើងនៅអាមេរិក ទៅទាក់ម៉ូយពីអាមេរិកមកទៀត ទាក់ម៉ូយយកមកកម្ពុជា ហើយបើយកមកហើយចៅហ្វាយខេត្តនីមួយៗ អភិបាលខេត្តនីមួយៗ ខំទាក់ម៉ូយឱ្យចូលខេត្តទៅ »៕
អត្ថបទ៖ លីនី