ឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្ត។ ឯកឧត្តម Tang Renjian បានលើកឡើងដូច្នេះ នៅក្នុង ជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងណាននីង ដើម្បីពិភាក្សាទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង២ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

នៅក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មចិន បានកោតសសើរចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុងនូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សារសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មចិន ក៏បានបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្តផងដែរ។ ឯកឧត្តមនឹងលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ឱ្យកើនឡើងមួយកម្រិតទៀតនាពេលខាងមុខ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម និងកិច្ចការជនបទចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចុះហត្ថលេខាលើការបង្កើត «ច្រករបៀង មច្ឆា និងអង្ករ»។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានស្នើសមភាគីជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន៣ដូចជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វិចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិផងដែរ៕
អត្ថបទ៖ លីនី