ឯកឧត្តម ឌិត ទីណា ស្នើក្រសួងកសិកម្មចិន សហការផ្នែកបច្ចេកទេសដើម្បីជំរុញ អង្ករ ស្វាយចន្ទី និងត្រីចិញ្ចឹមរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត
សេដ្ឋកិច្ច September 18, 2023 Khmernote

កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានជួបពិភាក្សាការងារជាមួយសមភាគី ឯ.ឧ Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី នៅទីក្រុងណាននីង ដើម្បីពិភាក្សាទ្វេរភាគីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៃប្រទេសទាំង២។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកពីសមិទ្ធផលធំៗជាច្រើនដែលសម្រេចបានក្រោមកិច្ចសហការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ មន្ទីរពិសោធន៍ផលិតផលកសិកម្ម, មជ្ឈមណ្ឌលជំរុញផលិតផលកសិកម្មកម្ពុជា និងការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រីកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសមភាគីជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញនូវមុខទំនិញអាទិភាពចំនួន៣ដូចជា អង្ករ ស្វាយចន្ទីរ និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិដទៃទៀត។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វិចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ។

ឯកឧត្តម Tang Renjian ក៏បានកោតសសើរចំពោះការសម្រេចបាននូវផលិតផលកសិកម្មយ៉ាងច្រើនរបស់កម្ពុជា ដែលកម្ពុជាធានាបានទាំងស្រុងនូវសន្តិសុខស្បៀងសម្រាប់ប្រទេស និងបានរួមចំណែកក្នុងការរក្សារសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មចិន ក៏បានបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មជាច្រើនដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ ហើយប្រជាជនចិនក៏ចូលចិត្តផងដែរ។ ឯកឧត្តមនឹងលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង២ ឱ្យកើនឡើងមួយកម្រិតទៀតនាពេលខាងមុខ។

ឯកឧត្តម Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទ ប្រទេសចិនក៏បានសម្តែងនូវការសប្បាយរីករាយ និងកោតសសើរដល់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលបានលើកឡើងត្រង់ៗ និងបានគូសបញ្ជាក់យ៉ាងច្បាស់ពីវិធីសាស្ត្រដើម្បីសម្រេចបានជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងការអនុវត្តច្រករបៀង មច្ឆានិងអង្ករនេះ៕

អត្ថបទ៖ លីនី