សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេង ដូចជាការវិនិយោគការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកជាដើមនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងគោលបំណងនេះ នៅក្នុងជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសម្ដេចជាមួយនឹង លោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២ ម្សិលមិញនេះ។
នៅក្នុងជំនួបនោះលោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក លាំង ហ័រ ក៏បានគោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ។
ជាការឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូក្រុមហ៊ុន និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ដែលសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុងរយៈពេលជាង ២ទសវត្សរ៍មកហើយ សម្ដេចអធិបតី សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។ សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនទំនុកចិត្តដល់វិនិយោគិននៅកម្ពុជា។
សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត ហើយក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាការវិនិយោគការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកជាដើម៕




អត្ថបទ៖ លីនី


