យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជានាំចេញផលិតផលជលផល រួមមាន អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក «ជើងដំបូង» ទៅកាន់ទីផ្សារប្រទេសចិន។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្ដែងការអបអរសាទរនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។
ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation។ ចំណែកផលិតផលជលផលដែលនាំចេញមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន។
បើតាមលោកជំទាវ អ៊ឹម រចនា ការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។
ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។
ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។
នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។ តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចំរើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន