ធនាគារ និងអង្គការជប៉ុនធំៗចំនួន ២ គ្រោងរៀបចំសិក្ខាសាលាមួយស្ដីពីឱកាសវិនិយោគនៃប្រទេសកម្ពុជា នៅទីក្រុងតូក្យូ នាពាក់ កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីសមាគមធុរកិច្ចជប៉ុន “ខេដាន់រេន” ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗក្នុងប្រទេសជប៉ុន។

កាលរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប លោក ខូអ៊ីជិ ហ្សៃគី នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារមីហ្ស៊ូហូ និងលោក សាតូ ណូប៊ូហ្វ៊ូមី នាយកសាខារាជធានីភ្នំពេញ នៃធនាគារមីហ្ស៊ូហូ។
នាឱកាសនោះ លោក ខូអ៊ីជិ ហ្សៃគី ក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ធនាគារមីហ្ស៊ូហូ និងអង្គការពាណិជ្ជកម្មក្នុងស្រុកជប៉ុនដែលហៅកាត់ថាចេត្រូ (JETRO) គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពីកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីសមាគមធុរកិច្ចជប៉ុន “ខេដាន់រេន” ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗក្នុងប្រទេសជប៉ុនផងដែរ។
ជាមួយគ្នានេះ លោក ខូអ៊ីជិ ហ្សៃគី បានស្នើរសុំឱ្យមានការគាំទ្រនិងសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាពិសេសពីសំណាក់ឯកឧត្តមអគ្គលេខាធិការ លើគម្រោងនេះ ដើម្បីឱ្យសិក្ខាសាលានេះប្រព្រឹត្តិទៅដោយជោគជ័យនិងប្រកបដោយផ្លែផ្កា។ ជាកិច្ចឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពរខាងលើ ឯកឧត្តម អគ្គលេខាធិការ បានសម្តែងនូវការគាំទ្រនិងសហការក្នុងការរៀបចំសិក្ខាសាលាវិនិយោគនេះ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីឱ្យសិក្ខាសាលាដែលគ្រោងនឹងរៀបចំនេះកាន់តែទទួលជោគជ័យថែមទៀត។
សូមជម្រាបផងដែរថា នាជំនួបខាងលើនេះ លោក ខូអ៊ីជិ ហ្សៃគី បានលើកឡើងមូលហេតុដែលបង្កជាការលំបាកដល់ធនាគារមីហ្ស៊ូហូ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា នោះគឺដោយសារផលប៉ះពាល់របស់ជំងឺសកលកូវីដ-១៩៕
អត្ថបទ៖ លីនី