ប្រធានសមាគមជប៉ុន-កម្ពុជា៖ វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត
សេដ្ឋកិច្ច September 13, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសមាគមជប៉ុន-កម្ពុជា បានបង្ហា​ញ​នូ​​វជំនឿយ៉ាងមុ​តមាំ​ថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹ​ង​ចា​ប់អា​រម្ម​ណ៍លើ​ការ​វិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២​៥​៦​៧ ត្រូវនឹ​ង​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរា​ជ​ទូត​ជប៉ុ​ន​ប្រ​ចាំព្រះ​រាជណាចក្រកម្ពុជា បានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ S​M​Es ជប៉ុន ចំពោះវិស័យសំខាន់ៗ ២ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែ​លប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើ​ម​ក​ម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២​.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យា​ន​យ​ន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុ​ស្ស​ចា​ស់​ ​និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យ ដែលក​ម្ពុជាកំពុងមានតម្រូវការ ហើយវិ​ស័យ​ទាំង​នេះក៏​មាន​សង្គ​តិភា​ពទៅ​នឹង​ក្រប​ខ័ណ្ឌ​គោ​ល​​នយោ​បាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុ​ទ្ធសា​ស្ត្រប​ញ្ចកោ​ណ​-​ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើ​នទំ​នា​ក់​ទំ​ន​ង​​ការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយ ស​ម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់ ស​ម្ដេ​ចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តា​ម​រយៈគោល នយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។

ទន្ទឹមនេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើ កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុន ជា​ពិ​សេស ក្នុ​ង​ទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។ ជាក់ស្តែង, ស​​ម្ដេ​ច​ធិ​ប​តី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុង​រយៈ​ពេ​​លប៉ុ​ន្មា​ន​ឆ្នាំ​កន្លងនេះ, ជាពិសេស, ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោ​មការដឹកនាំប្រ​ក​ប​ដោ​យ​គតិប​ណ្ឌិ​ត​​របស់ សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពី វិនិ​យោ​គនៃព្រះ​រា​ជា​​ណាចក្រ​ក​ម្ពុ​ជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែ​លបានចែងយ៉ាងច្បាស់អំពី​យ​ន្ត​​កា​រ​លើ​ក​ទឹ​ក​ចិ​ត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និ​ង​កិច្ច​ស​ម្រ​បសម្រួល​ផ្សេ​ងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបបន្ថែមអំពីគោលបំណង នៃ​ការដឹ​ក​នាំ​គណៈប្រតិភូធុរកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅ​ខែវិ​ច្ឆិ​កា​ខា​ងមុខ និង​បានគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដើម្បី​ចូល​ជួ​ប​ស​ម្តែ​ង​កា​រគួរសម និង ពិភាក្សាការងារ ។ សម្ដេចធិបតី បានស្វាគមន៍ដោយវិជ្ជមាន ចំពោះ​គោល​បំ​ណ​ងនេះ ហើយ សម្ដេច ធិប​តី នឹងទទួលជួបក្នុងករណីមិនមានបេសកកម្មក្រៅប្រទេស ហើយពេលវេលាសមស្រប៕

ប្រភព៖ ក្រសួងព័ត៌មាន