ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម គីមជីនលូ (KmJr-Pyo) បានប្រកាសថា កូរ៉េនឹងបន្តជួយជ្រោមជ្រែងដល់កម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។ ការលើកឡើងរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជា ជនកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមាន ៧មករា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនេះឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានថ្លែងកោតសរសើរ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោកទៀតផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា « ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០»។
នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ចំពោះភាគីមិត្ត ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលាបណ្តុះបណ្តាលបច្ចេកទេស ពិសេសស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងសាងសង់ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ គឺជានិមិត្តរូប នៃសាមគ្គីភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួបខាងលើនេះភាគីទាំងពីរបានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរនឹងជម្រុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕





អត្ថបទ៖ លីនី


