នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ, សម្តេចធិបតី បានអរគុណសារជាថ្មីម្តងទៀត ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។ លើសពីនេះទៅទៀត សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕



អត្ថបទ៖ លីនី


