ការហាមប្រាមរបស់ប្រទេសចិនលើអាហារសមុទ្ររបស់ជប៉ុន ដោយសារការភ័យខ្លាចនៃការចម្លងរោគវិទ្យុសកម្មបានធ្វើឱ្យក្រុមហ៊ុនវៀតណាមមើលឃើញឱកាសកាន់តែច្រើនដើម្បីនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅប្រទេសចិន ប៉ុន្តែការកើនឡើងនេះ គឺមានតិចតួចប៉ុណ្ណោះ ដោយសារតែតម្រូវការរបស់ចិនធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។
នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាមពី Nha Trang ដែលនៅតំបន់កណ្តាល បាននិយាយថា ការហាមឃាត់នេះអាចជួយបង្កើនការនាំចេញផលិតផលមួយចំនួនដូចជា ត្រីធូណាជាដើម។ យើងបានឃើញអ្នកទិញចិនបង្កើនការបញ្ជាទិញត្រីធូណា ១៥% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែតម្រូវការបង្គា និងមឹកនៅតែទាប។
ទន្ទឹមនឹងនេះអ្នកក្នុងឧស្សាហកម្មមួយចំនួនទៀតក៏បាននិយាយផងដែរថា ការហាមប្រាមនេះអាចផ្តល់ឱកាសដល់អាហារសមុទ្រវៀតណាម ប៉ុន្តែគ្រាន់តែបន្តិចបន្តួចប៉ុណ្ណោះ ដោយសារការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសចិន មានចំនួនតិចតួចប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុន ប្រទេសជប៉ុនមានចំណែកប្រហែល ៣% នៃការនាំចូលអាហារសមុទ្ររបស់ប្រទេសចិន ធៀបនឹងអេក្វាឌ័រ ១៨.៦% ,រុស្ស៊ី ១៤.៤% និងវៀតណាម ៨.៨%។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ជាមួយគ្នានេះ ហុងកុង និងម៉ាកាវ ក៏បានប្រកាសហាមប្រាមរបស់ខ្លួនផងដែរ ដែលគ្របដណ្តប់ការនាំចូលអាហារសមុទ្ររបស់ជប៉ុនពីតំបន់ចំនួន១០៕


អត្ថបទ៖ លីនី
ប្រភព៖ VNExpress


