យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការបង្កើតសហគមន៍កសិកម្មឱ្យកាន់តែសកម្មបន្ថែមទៀត ដែលដើរតួនាទីជួយដល់កសិករ និងស្វែងរកទីផ្សារសម្រាប់នាំចេញ ជាពិសេសបង្កើនទំនុកចិត្តទីផ្សារកសិផល រវាងក្រុមផលិតនិងក្រុមប្រមូលទិញ។
ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានប្រកាសត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ សម្រាប់ត្រៀមអន្តរាគមន៍លើកសិផល និងផលិត ផលកសិកម្មរបស់ប្រជាកសិករ ដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ នៅពេលផលិតផលទាំងនោះ ជួបបញ្ហាធ្លាក់ថ្លៃ និងបញ្ហាខ្វះទីផ្សារ ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា កញ្ចប់ថវិកានេះ ក៏នឹងប្រើ ប្រាស់ក្នុងការងារចាំបាច់ ពាក់ព័ន្ធវិស័យកសិកម្មមួយចំនួនទៀត របស់រាជរដ្ឋាភិបាល ដូចជាជំរុញឱ្យមានការរៀបចំសហគមន៍កសិកម្ម ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករ ងាយស្រួលរកទីផ្សារក្នុងការនាំចេញ រៀបចំផែនការដាំដុះឱ្យបានត្រឹមត្រូវ ជៀសវាងនាំឱ្យតម្លៃកសិផលធ្លាក់ចុះ ជាដើម ។
« ការដាក់ចេញនូវថវិកាដើម្បីជួយវិស័យកសិកម្ម ១០០ លានដុល្លារ ដើម្បីជួយធានាតម្លៃ អន្តរាគមន៍ អាទិភាពផលិតផល ផលិតកម្មអាទិភាពមួយចំនួន រួមជាមួយនឹងការរៀបចំនូវសហគមន៍កសិកម្មឱ្យដើរ រាល់ដៃគូមិនមែនតែ
រដ្ឋដាក់គោលការណ៍នោះទេ គឺត្រូវឱ្យកសិករខ្លួនឯងនោះមានការចូល រួម ហើយការរៀបចំជាសហគមន៍នេះសំខាន់ណាស់ ហើយខិតខំធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធសហគមន៍នោះដើរ ព្រោះយើងធ្វើឥឡូវឧទាហរណ៍ បើសិនជាយើងមានសហគមន៍ ឬក៏ប្រទេសណាមួយចង់ឱ្យយើងនាំស្វាយ១លានតោន ទៅយើងមានទីផ្សារហើយមានក្រុមហ៊ុនដែលអាចប្រមូលទិញ តែលទ្ធផលផលិតនិងការប្រមូលនោះទៅតាមគុណភាពស្តង់ដា បើយើងមិនគិតពីការផលិតគ្រប់គ្រាន់មិន កើតនោះទេ ហើយនៅក្នុងដំណាក់ កាលនេះ យើងមិនអាចឈានទៅរកកសិ-ឧស្សាហកម្ម ឱ្យដីសម្ប ទានរាប់ម៉ឺនហិកតា ដើម្បីយកទៅធ្វើកសិកម្មនោះទេ ដូច្នេះធ្វើយ៉ាងណាឱ្យសហគមន៍កសិកម្មនោះដើរ ដោយមានរៀបចំជាគោលគំនិតមួយចំនួនសម្រាប់អនុវត្ត រៀបចំយ៉ាងណាក៏រៀបចំទៅធ្វើយ៉ាងណាឱ្យតែដំណើរការ » ៕

ប្រភព៖ ក្រសួងព័ត៌មាន


