កម្ពុជាសង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត
សេដ្ឋកិច្ច August 31, 2023 Khmernote

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២៣ កន្លងទៅថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) ដែលជារដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ដំបូងបង្អស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះការបើកទីផ្សារ K-Beef របស់កូរ៉េ ហើយជាមួយគ្នានេះដែរ កម្ពុជាសង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់កម្ពុជានៅក្នុងវិស័យកសិកម្ម។ ចំពោះកិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសកូរ៉េ ដោយចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់៕

ប្រភព៖ ក្រសួងកសិកកម្ម រុក្ខប្រមាញ់ និងនេសាទ