សមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា តម្លៃអង្ករនាំចេញរបស់វៀតណាមនៅតែខ្ពស់ជាងគេក្នុងពិភពលោក ដោយអង្ករបាក់ ៥ ភាគរយឡើងដល់ ៦៣៨ ដុល្លារក្នុងមួយតោន និងអង្ករបាក់ ២៥ ភាគរយមានតម្លៃ ៦២៣ ដុល្លារក្នុងមួយតោន ខណៈអង្ករបាក់ ៥ ភាគរយរបស់ថៃត្រូវបានលក់ក្នុងតម្លៃ ៦២៨ ដុល្លារក្នុងមួយតោន និងនៅប៉ាគីស្ថានតម្លៃ ៥៩៨ ដុល្លារក្នុងមួយតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាជង្រុកស្រូវ និងអង្ករធំជាងគេរបស់វៀតណាម តម្លៃស្រូវនៅតែស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងមូលដ្ឋានជាច្រើន ដែលជួយកសិករទទួលបានប្រាក់ចំណេញល្អប្រសើរ។ យោងតាមក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញអង្ករចំនួន ៤,៨៣ លានតោន ហើយប្រទេសនេះគ្រោងនឹងនាំចេញប្រហែល ២.៦៧ លានតោនក្នុងរយៈពេលប្រាំខែដែលនៅសល់នៃឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា សន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ឆ្នាំ។ ការផ្លាស់ប្តូរនេះ គឺដោយសារតែការកើនឡើងនៃតម្លៃនៅក្នុងប្រទេសនាំចេញអង្ករសំខាន់ៗ បន្ទាប់ពីឥណ្ឌាបានដាក់កំហិតលើការនាំចេញអង្កររបស់ខ្លួន៕


អត្ថបទ៖ លីនី
ប្រភព៖ VNExpress


