កសិករស្រុកមេមត់ ងាកមកដាំកាហ្វេ ក្រោយអាក់ខានតាំងពីទសវត្សរ៍៦០ ខណៈមន្ត្រីជំនាញកសិកម្មខេត្តត្បូងឃ្មុំ ជំរុញឱ្យដាំដុះឱ្យបានច្រើនដើម្បីបញ្ចូលជាផលិតផលឈានមុខរបស់ខេត្ត
សេដ្ឋកិច្ច August 28, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា មន្ត្រីជំនាញកសិកម្មខេត្តត្បូងឃ្មុំ បានជំរុញឱ្យកសិករក្នុងស្រុកមេមត់ដាំដុះដំណាំកាហ្វេបន្ថែមទៀត ដើម្បីបញ្ចូលដំណាំប្រភេទនេះក្នុងផលិតផលឈានមុខរបស់ខេត្ត បន្ទាប់ពីកសិករក្នុងខេត្តអាក់ខានដាំដុះដំណាំប្រភេទនេះ យូរណាស់មកហើយ។

លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ស្រុកមេមត់ មានប្រវត្តិដាំកាហ្វេតាំងពីជំនាន់អាណានិគមនិយមបារាំងមកម្ល៉េះ ប៉ុន្តែដោយសារគ្មានទីផ្សារ ទើបប្រជាកសិករឈប់ដំាដំណាំកាហ្វេងាកមកចាប់យកការដាំដុះម្រេចវិញ ព្រោះមានទីផ្សារល្អនឹងមានតម្លៃសមរម្យ។ ប៉ុន្តែបច្ចុប្បន្ននេះឃើញថា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលេចវត្តមានដំណាំកាហ្វេសាជាថ្មី ក្រោយអាក់ខានតាំង ពីទសវត្សរ៍៦០មក។

លោកបានបន្តថា ដំណាំកាហ្វេគឺជាប្រភេទដំណាំ ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ មិនថានៅក្នុងប្រទេស ឬក៏ក្រៅប្រទេសនោះឡើយ ជាពិសេសកាហ្វេគឺមានអត្ថប្រយោជន៍សម្រាប់រាងកាយមនុស្ស ហើយនាពេលខាងមុខ មន្ទីរកសិកម្មខេត្ត បានដាក់គោលដៅជំរុញការដាំកាហ្វេបន្ថែម និងជួយរកទីផ្សារជូនប្រជាកសិករ ដើម្បីបញ្ចូលដំណាំប្រភេទនេះក្នុងផលិតផលឈានមុខរបស់ខេត្ត ។

« យើងឃើញថា កសិករមួយចំនួនគាត់ចាប់ផ្តើមធ្វើការដាំដុះកាហ្វេឡើងវិញ ហើយតាមរយ:ការដាំដុះកាហ្វេនេះខាងមន្ទីរនឹងជួយគាំទ្រ ទាក់ទងនឹងបច្ចេកទេស ក៏ដូច ជាជំរុញការផ្សព្វផ្សាយ ហើយក៏ អាចធ្វើជាម៉ាកមួយដែលជាកាហ្វេដែលគេទទួលស្គាល់ ចឹងពេលអនា គតទៅមន្ទីរនឹងធ្វើការងារនេះ » ។

សូមបញ្ជាក់ថា កាហ្វេគឺមានអត្ថប្រយោជន៍សម្រាប់រាងកាយមនុស្សដូចជា៖ ១.ជួយកាត់បន្ថយការ ប្រឈមមុខ នឹងរោគទឹកនោមផ្អែម ចំពោះស្ត្រីប្រសិនបើទទួលទានការហ្វេ ពី៤កែវឡើងទៅ ក្នុងមួយថ្ងៃ ការធ្លាក់ចុះនៃ ជំងឺមហារីកសុដន់ ដល់ ទៅ ៤០%។២.ជួយសម្អាតបញ្ចេញសត្វបរាសិត ដែលរស់នៅក្នុងរាងកាយ ៣.ធ្វើឱ្យមានអាយុវែង ៤.ធ្វើឱ្យមានភាពវៃឆ្លាត ៥. ជួយកាត់បន្ថយនឹងការប្រឈមមុខ នឹងជំងឺថ្លើម ដូចជាជំងឺមហារីក ថ្លើម ឬ ការធ្លាក់ថ្លើម ជាដើម ៦.កាត់បន្ថយ ជម្ងឺសន្លាក់ ៧. ជួយបន្ថយការរលាកដែលបានបង្កឡើង ដោយជំងឺរលាកសន្លាក់ និងកម្ចាត់ជាតិពុល ហើយក៏អាចប្រឆាំងនឹងការឡើងទម្ងន់ផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន