យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្នុងរយៈពេល ៧ខែ ដំបូង ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិបសម្រេចបាន ៤ ៥៩០ លានដុល្លារ ដែលកើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា អាសិប គឺជាប្រធានបទ ដែលឯកឧត្តមស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងក្នុង អាណត្តិជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម។ ឯកឧត្ដមបានលើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា កម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ានជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្ម និងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ អាសិប តំណាងឱ្យ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨ភាគរយ នៃពាណិជ្ជកម្មពិភពលោក និង៣២,៥ភាគរយ នៃការវិនិយោគសកល។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបន្ថែមថា ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ។ បន្ថែមពីនេះ នឹងអាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស។
គួរបញ្ជាក់ថា កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ចាប់តាំងឆ្នាំ២០១២ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២ ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ៕



ប្រភព៖ ក្រសួងព័ត៌មាន


