តម្លៃដូងស្រស់នៅវៀតណាមកើនឡើង ៣ដង ក្រោយលេចដំណឹងថា អាមេរិកបើកភ្លើងខៀវឱ្យវៀតណាមនាំចូល
សេដ្ឋកិច្ច August 21, 2023 Khmernote

តម្លៃដូងស្រស់នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម កើនឡើងដល់ទៅ ៣ដង បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាមេរិកបានអនុញ្ញាត​ឱ្យនាំចូល។ ជាក់ស្ដែង កាលពីដើមឆ្នាំ ដូងស្រស់ ១០ផ្លែមានតម្លៃត្រឹមតែ ១៥,០០០-២០,០០០ដុង ប៉ុណ្ណោះ តែឥឡូវនេះបានឡើងដល់ទៅ ៣ដង គឺពី ៦០,០០០ ដុង ទៅ ៦៥,០០០ ដុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

បើយោងតាមនាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ខេត្ត Ben Tre បាននិយាយថា មូលហេតុដែលតម្លៃដូងឡើងថ្លៃ គឺដោយសារការកើនឡើងនៃតម្លៃដូងពិភពលោក។ ថ្វីត្បិតតែតំបន់ដូងរបស់ខេត្តនេះធំជាងគេក្នុងប្រទេសក៏ដោយ ប៉ុន្តែវាមានតិចតួចណាស់បើធៀបនឹងពិភពលោក ដូច្នេះហើយតម្លៃដូងអាស្រ័យទៅលើទីផ្សារពិភពលោកយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា វៀតណាមជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងផលិតកម្មដូងទូទាំងពិភពលោកដែលមានផ្ទៃដីជាង ១៨៨,០០០ ហិកតា ដែលផ្តោតជាសំខាន់នៅតំបន់ដីសណ្ដមេគង្គ។ តំបន់ដូងរបស់ប្រទេសនេះមាន ១.៩៧% នៃផ្ទៃដីពិភពលោក ២.០៧% នៃតំបន់ដូងរបស់អាស៊ី។ ជាមួយគ្នានេះដែរ ចំណូលនៃការនាំចេញដូងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩០០លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឲ្យវៀតណាមក្លាយជាអ្នកនាំចេញផលិតផលដូងច្រើនជាងគេទីបួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ននេះ មានសហគ្រាសផលិត និងកែច្នៃផលិតផលដូងចំនួនប្រហែល ៨៥៤ ដែលមានប្រភេទ និងទំហំខុសៗគ្នានៃផលិតកម្មដូចជា កែច្នៃសំបកដូង ទឹកដូង ដែលអាចផ្ដល់ការងារដល់បុគ្គលិកជាង ១៥,០០០នាក់៕

ប្រភព៖ VNExpress
អត្ថបទ៖ លីនី