ប្រទេសឥណ្ឌូនេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន បន្ទាប់ពីប្រទេសនេះបានចាត់ទុកថា កម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូល ដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង ១០ប្រទេស។
ការឯកភាពរបស់ឥណ្ឌនេស៊ីនាំចូលអង្ករពីកម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានស្នើឱ្យភាគីមិត្ត ឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការដែលបានផ្តួចផ្តើមដូចខាងក្រោម៖
– ជម្រុញ ការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយះយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B)
– លើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ
– លើកទឹកចិត្ត និងជម្រុញ ឱ្យមានកិច្ចប្រជុំរវាងធុរកិច្ច ប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ និងភាគី ពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។
ជាកិច្ចឆ្លើយតប ភាគីឥណ្ឌូណេស៊ី បានឯកភាពចំពោះការលើកឡើងរបស់ភាគីកម្ពុជា និង បានជម្រាបភាគីកម្ពុជានូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ទាំងប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ជាពិសេស ការធ្វើពាណិជ្ជកម្មទ្វេភាគីដែលមានទំហំកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រមទាំងមានបំណង ធ្វើកិច្ចសហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ីក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាពស្បៀង និការប្រើប្រាស់ក្នុងប្រទេសផងដែរ។
ជាលទ្ធិផលនៃកិច្ចជំនួបទ្វេភាគីរវាង កម្ពុជា និងឥណ្ឌូណេស៊ីបានឯកភាពគ្នាដូចខាងក្រោម៖
១. ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។
២. ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។
៣. ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ៕




អត្ថបទ៖ លីនី


