ឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ប្រទេសចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។
ឯកឧត្ដម វ៉ាង យី បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំទ្វេភាគីក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយសហប្រធាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដម វ៉ាង យី និងមានការចូលរួមដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនរូបនេះ បានបង្ហាញអំពីការសង្ឃឹមជឿជាក់របស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលក្នុងនោះ ភាគីចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរួមមានដូចជាការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម ជាពិសេសបន្តការជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជាបន្ថែមទៀត៕



អត្ថបទ៖ លីនី


