ក្រសួងកសិកម្ម កំពុងបង្កើតគណកម្មាធិការដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល នេះដោយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
យោងតាមការបង្ហោះរបស់ឯកឧត្តមបណ្ឌិត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត បានដឹកនាំការប្រជុំរៀបចំបង្កេីតគណកម្មាធិការអន្តរក្រសួង និងកំណត់នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នងការអនុវត្តកម្មវិធីនយោបាយលេីកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗដោយប្រើយន្តការហិរញ្ញប្បទាន ១០០លានដុល្លារ សម្រាប់អន្តរាគមន៍ប្រេីប្រាស់ទិញកសិផលពីកសិករឲ្យបានទាន់ពេលក្នុងតម្លៃសមរម្យ។
ឯកឧត្តម បានបញ្ជាក់ផងដែរថា ជាការងារថ្មីនិងដ៏សំខាន់បំផុតមួយដែលយេីងរួមគ្នាធ្វេីនិងទទួលខុសត្រូវក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីដេីម្បីអភិវឌ្ឍន៍វិស័យកសិកម្ម សន្តិសុខស្បៀង និងជីវភាពប្រជាកសិករ៕


អត្ថបទ៖ លីនី


