ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួនរបស់កម្ពុជា។ ការស្នើរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងជំនួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ ឯកឧត្តម Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) និងមានការចូលរួមពីសមាជិកសភាអាមេរិកចំនួន ៧នាក់ ផ្សេងទៀត។ ចូលរួមក្នុងកិច្ចប្រជុំនោះដែរគឺមានវត្តមាន ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងសហការីមួយចំនួនទៀតផងដែរ កាលពី រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាទៅលើវិធីសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីលទ្ធផលនៃការបោះឆ្នោតដែលបានប្រព្រឹត្តទៅក្នុង ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ និងអំពីវឌ្ឍនភាពថ្មីៗក្នុងការពង្រីកទីផ្សាររបស់កម្ពុជា ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគឱ្យបានរឹតតែច្រើនបន្ថែមទៀត។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ដោយឯកឧត្តមយល់ថា ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក៕







អត្ថបទ៖ លីនី


