ភ្ញៀវទេសចរទៅទស្សនាក្នុងតំបន់អង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ
ទេសចរណ៍ August 2, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ដ្រីជំនាញផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ មានចំនួនជាង ២ ៦៤៣ ០០០នាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២២។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌អង្គរ និងសារមន្ទីរបទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង ២ ៦៤៣ ០០០នាក់ នោះ មានលំហូរភ្ញៀវទេសចរខ្មែរចំនួន ២ ២០៣ ៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញ សំបុត្រចូលទស្សនាអង្គរមានចំនួន ៤៣៩ ៣៦៥នាក់ ខណ:ដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមកទស្សនាតំបន់អង្គរត្រឹមតែ ៨៣ ៨៥៤ ប៉ុណ្ណោះ។

លោកបន្តថា ចាប់ពី ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណៈដែលរាជរដ្ឋាភិបាល បើកឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ នៅពាក់កណ្ដាលខែតុលា ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរបានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥៣ ៥៩៦នាក់ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២២ កើនឡើងជាង ១២៤ភាគរយ និងចំណូលដែលទទួលបានពីការលក់ប័ណ្ណមានចំនួន ២ ៤៣៩ ៩២៧ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង ១៥៤ភាគរយ។ ឯចំណូលមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផាសម្រាប់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១០ ៧១៩២ដុល្លារ៕