ធនាគារជាតិ បង្ហាញបញ្ហាប្រឈមធំៗចំនួន ៧ ដែលអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៣
សេដ្ឋកិច្ច August 1, 2023 Khmernote

នៅក្នុងសេចក្ដីសង្ខេបអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ដែលឧទ្ទេសនាមដោយអគ្គនាយកបច្ចេកទេស ឯកឧត្តម គីមទី កោមលី ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីបញ្ហាប្រឈមធំៗ ៧ ដែលអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៣ នេះ។

យោងតាមរបាយការណ៍ដែលចុះផ្សាយនៅលើផេកផ្លូវការធនាគារជាតិនៃកម្ពុជា ហានិភ័យនិងបញ្ហាប្រឈមធំៗទាំងនោះមានដូចជា៖

១. កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ពិសេសប្រទេសអឺរ៉ុប និងចិន
២. ការកើនឡើងអតិផរណាដែលនឹងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ
៣. ភាពមិនច្បាស់លាស់នៃលំហូរមូលធននិងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ
៤. ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម
៥. ភាពមិនប្រាកដប្រជានៃការវិវត្តជំងឺកូវីដ-១៩
៦. ឧក្រិដ្ឋកម្មសាយប័រ
៧. វិបត្តិភូមិសាស្រ្តនយោបាយ

ទន្ទឹមនឹងកត្តាហានិភ័យ ឬបញ្ហាប្រឈមដែលអាចនឹងកើតមានមកលើសេដ្ឋកិច្ចកម្ពុជា ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងពីកត្តាអំណោយផលចំនួន ៧ផងដែរមានដូចជា៖

១. ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់
២. មានទីតាំងភូមិសាស្រ្តនៅចំកណ្ដាលអាស៊ាន
៣. ការកើនឡើងការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម
៤. លទ្ធភាពខ្ពស់នៃវិស័យធនាគារក្នុងការឆ្លើយតបតម្រូវការហិរញ្ញប្បទានក្នុងពេលមានវិបត្តិ
៥. សេដ្ឋកិច្ចមានភាពបើកទូលាយ​ និងមានសមាហរណកម្មខ្ពស់
៦. ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៧. កត្តាភាគលាភប្រជាសាស្រ្ត៕

អត្ថបទ៖ លីនី