យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ សាងសង់រួចរាល់ទាំងស្រុង និងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែសីហា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួង សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ ដែល មានតម្លៃប្រមាណ៣០០លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានី ភ្នំពេញប៉ុណ្ណោះទេ តែវាជាផ្លូវដង្ហើមដ៏សំខាន់មួយ សម្រាប់តភ្ជាប់ការដឹកជញ្ជូនទំនិញ រវាងរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានាផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់មួយជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានី បន្ថែមទៀត។ លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និង សមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់ មហាអនុ តំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និង ភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរី លំនៅឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា ។
សំឡេង « ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែង៥៣គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ លេខ៣ លេខ២ លេខ២១និងលេខ១ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ ជួយសម្រួលដល់ការកាត់បន្ថយ ទំហំចរាចរណ៍ក៏ដូចជាការកស្ទះនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យ ការធ្វើចរាចរណ៍កាន់តែលឿនរហ័ស ម៉្យាងទៀតផ្លូវនេះក៏ជាផ្លូវសរសៃឈាមមួយតភ្ជាប់ផ្ទៃក្នុង ការធ្វើ សមាហរណកម្មតំបន់ពិសេសៗ ដូចជាផ្លូវអាស៊ានហាយវ៉េ ផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់ មហាអនុ តំបន់ទន្លេមេង្គ រួមចំណែកសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជា ប្រែក្លាយទឹកដីនៅសងខាងផ្លូវជុំវិញរាជធានីភ្នំពេញ ជាតំបន់ដែលពោរពេញដោយការអភិវឌ្ឍផងដែរ »។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដោយបានចំណាយថវិកាសរុប ប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាល កម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយ ផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ៕





