ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ក្រោយបើកឱ្យដំណើរការអស់រយៈពេលជិត ៩ខែកន្លងមកមានប្រមាណ ៣,៨លានចរាចរណ៍ (នៅខែតុលា ឆ្នាំ២០២២ ជាខែទី១ ប្រើប្រាស់ឥតគិតថ្លៃមានប្រមាណ ៤៤ម៉ឺនចរាចរណ៍)។
តួលេខនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយ ដែលត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធាណៈ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ABA និងថ្នាក់ដឹកនាំ ធនាគារ Canadia ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។
ជាមួយគ្នានោះដែរ ក្រៅពីផ្ទៀងផ្ទាត់អនុលោមភាពលើការអនុវត្ត អនុស្សរណៈនៃការយោគយល់ រវាងក្រសួង និងធនាគារ វឌ្ឍនៈអាស៊ីចំកាត់(ABA) និងរវាងក្រសួង និងធនាគារកាណាឌីយ៉ា (Canadia) លើការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិក តាមរយៈប្រព័ន្ធទូទាត់ប្រាក់រួម ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពិភាក្សាពីឱកាសនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិ លើគម្រោងនៃគំនិតផ្តួតផ្តើមថ្មីៗនាពេលខាងមុខ សំដៅផ្តល់សេវាសាធារណៈ និងសេវាផ្លូវល្បឿនលឿន ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿនរហ័ស មានប្រសិទ្ធភាព និងតម្លាភាព៕




អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


