លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា សេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពល្អ ហើយហិរញ្ញវត្ថុរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងគ្រោះអាសន្នណាមួយ។ លោក ក៏បាននិយាយផងដែរថា នៅពេលដែលរដ្ឋាភិបាលថ្មីកំពុងត្រូវបានបង្កើតឡើង លោកបានបន្តតាមដាន និងត្រួតពិនិត្យគម្រោងដែលបានផ្តួចផ្តើមឡើងក្នុងអំឡុងពេលកាន់តំណែងរបស់លោក (ចាប់តាំងពីខែសីហា ឆ្នាំ២០១៤) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។
លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា ហិរញ្ញវត្ថុរបស់ប្រទេសមានភាពរឹងមាំ និងមានស្ថេរភាព ហើយគួរតែអាចទប់ទល់នឹងស្ថានភាពអាសន្នណាមួយក្នុងរយៈពេលពីរខែដែលនៅសល់នៃឆ្នាំសារពើពន្ធ ២០២៣ (ដែលនឹងត្រូវបញ្ចប់នៅខែកញ្ញា ២០២៣) ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះធម្មជាតិជាដើម។ លោកបានបន្ថែមថា ប្រទេសថៃ ក៏មានថវិកាគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភធនដល់ប្រជាជនក្នុងក្រុមផ្សេងៗផងដែរ។
ពាក់ព័ន្ធទៅនឹង ការអភិវឌ្ឍន៍របស់ប្រទេស លោកបានលើកឡើងថា មាន “ការវិវឌ្ឍយ៉ាងច្រើន” នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវរថភ្លើងពីរដែលតភ្ជាប់ខេត្ត Nakhon Pathom និង Chumphon ក្នុងចម្ងាយផ្លូវ ៤២០ គីឡូម៉ែត្រ ដែលបានបញ្ចប់ ៩០% ហើយ គួរតែអាចប្រើប្រាស់បាននៅចុងឆ្នាំនេះ។ ទន្ទឹមនឹងនោះ ការសាងសង់ស្ពានមិត្តភាពថៃ-ឡាវទី៥ (បឹងកាន-បូលីខេមសៃ) ពេលនេះសម្រេចបានជាង ៨២%ហើយ ហើយគួរតែបើកដំណើរការនៅឆ្នាំក្រោយផងដែរ។ លោកបន្តថា ស្ពាននេះនឹងជួយជំរុញការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងការនាំចេញកសិផលទៅប្រទេសឡាវ វៀតណាម និងចិន។
ទន្ទឹមនឹងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធ លោកក៏បានលើកឡើងពី គម្រោងវិនិយោគបរទេសថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបរទេសបានវិនិយោគក្នុងទំហំទឹកប្រាក់ ១០.៧៧ ពាន់លានបាត នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬស្មើនឹង ២២% នៃការវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសទាំងមូល។
លើសពីនេះ លោកប្រាយុទ្ធ ក៏បានលើកឡើងពី ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលបានកើនឡើង ១៥% ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការវិនិយោគ ៤៨.៩ ពាន់លានបាត និងជាង ៣,០០០ ការងារត្រូវបានបង្កើតឡើង។ ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២៣ រថយន្តអគ្គិសនី (EV) ថ្មីចំនួន ៣១,៧៣៨ ត្រូវបានចុះឈ្មោះ ពោល គឺច្រើនជាងបីដងនៃចំនួនកាលពីឆ្នាំមុន។ លោកក៏បានបន្ថែមថា រដ្ឋាភិបាលរបស់លោកនៅតែជំរុញទៅមុខក្នុងការចរចាជាមួយបរទេស ដើម្បីបើកទីផ្សារថ្មី និងជំរុញទំនាក់ទំនងអន្តរជាតិ ជាពិសេសម៉ាឡេស៊ី ដែលជាទីផ្សារសក្តានុពលខ្ពស់សម្រាប់ឧស្សាហកម្មអាហារហាឡាលរបស់ប្រទេសថៃ។
មិនទាន់អស់នោះទេ ចំពោះវឌ្ឍនភាពទាំងអស់នេះ លោកបានមានប្រសាសន៍ថា គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនថៃទាំងអស់ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ និងបរិយាកាសសន្តិភាព៕




picture2
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


