អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់ការទី១ សម្រេចបាន ៥០ភាគរយហើយ បើគ្មានអ្វីប្រែប្រួល នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥
សេដ្ឋកិច្ច July 20, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១ សម្រេចបានប្រមាណ ៥០ភាគរយហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយចំណាយទឹកប្រាក់ សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។​

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា លទ្ធផលការងារសាងសង់ ដែលក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រេចបាន ចំនួនជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។​

ការងារសាងសង់គម្រោងទាំងមូលក្នុងដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅ ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។ នេះបើ យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុង ក្រោយដោយ CAIC។​

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានបង្ហាញថា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយាន ដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់ កូដអេហ្វ (Code E: A-340-300, A350-900 នឹង B777-200/300ER, B747-300/400) ដែល មានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លាន ទៅ១៥លាន នាក់/ឆ្នាំ២០២៤ និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំ២០២៤ ទៅ ៣០,០០០តោន/ឆ្នាំ(២០៣០-២០៤០)។

​រីឯវឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ សម្រេចបាន ៤៦ភាគរយ ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង។​គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃ វិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ហើយក្រោយបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន