ប្រទេសថៃ បានក្លាយជាប្រទេសនាំចេញត្រីកំប៉ុង និងផលិតផលត្រីកែច្នៃធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងជាប្រទេសនាំចេញច្រើនជាងគេក្នុងអាស៊ាន ខណៈទីផ្សារនាំចេញសំខាន់ៗសម្រាប់ប្រទេសថៃ រួមមាន ជប៉ុន អូស្ត្រាលី ឈីលី និងកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន The Nation នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ។
ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ការកើនឡើងនេះ កំពុងត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសមួយចំនួនដូចជា ជប៉ុន ឈីលី ប៉េរូ ចិន។ ជាក់ស្ដែង ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ពោលគឺពីខែមករា ដល់ខែឧសភា ការនាំចេញត្រីកំប៉ុង និងត្រីកែច្នៃសរុបមានតម្លៃ ១.១៤ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរ តម្លៃនៃការនាំចេញទៅកាន់ទីផ្សារ FTA មានចំនួន ៣៥១.៧ លានដុល្លារអាមេរិក ដែលបង្ហាញពីការកើនឡើង ១៥.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារ FTA ដែលមានកំណើនជាបន្តបន្ទាប់រួមមាន៖ ប្រទេសជប៉ុន (កើនឡើង ២២.៧%) ឈីលី (៩៦.៧%) ប៉េរូ (១៨៣.១%) ចិន (២៥.៧%) កម្ពុជា (១១.៩%) និងហ្វីលីពីន (១៣៨.១%)។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសថៃមាន FTAs ជាមួយដៃគូពាណិជ្ជកម្មចំនួន ១៨ ក្នុងនោះ ១៥ ស្ថិតនៅក្នុងអាស៊ាន, ចិន អូស្ត្រាលី នូវែលសេឡង់ ឈីលី និងហុងកុង។ ប្រទេសទាំងនេះ បានលុបចោលពន្ធនាំចូលលើត្រីកំប៉ុង និងត្រីកែច្នៃរបស់ថៃ លើកលែងតែប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ដែលនៅតែយកពន្ធនាំចូលលើផលិតផលមួយចំនួន៕

អត្ថបទ៖ លីនី
ប្រភព៖ The Nation Thailand


