យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តមបន្តថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ ការថ្លែងរបស់ឯកឧត្តមបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសមាគមទេសចរណ៍កម្ពុជា (CATA)ធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួនជាង ២ ៤៨០ ០៣២ នាក់ កើនឡើង២៧០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤ ៧២៥ កើនឡើង១៤៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
បើតាមឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានអះអាងថា៖ «យើងអាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារឡើងវិញ បាន ៥០ភាគរយ ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩»។
លោក LU Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) បានថ្លែងថា អាកាសយានដ្ឋានថ្មីនេះ នឹងជំរុញការអភិវឌ្ឍអាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាពិសេសទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបង្កើនទំនាក់ទំនង់រវាងប្រទេស ចិន និងប្រទេសកម្ពុជាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
ក្នុងឱកាសនោះដែរ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានសម្ដែងនូវក្ដីរីករាយ ដែលនេះគឺពិតជាមានមោទនភាពបំផុតពេលដែលខេត្តសៀមរាបដែលជាប៉ូលទេសចរណ៍សំខាន់មួយបានទទួលការវិនិយោគទៅលើព្រលានយន្តហោះថ្មី ដែលមានវិសាលភាពធំធេង និងសមត្ថភាពក្នុងការទទួលយន្តហោះប្រភេទធំ ដែលនឹងអាចឈានទៅទទួលការហោះហើរពីផ្លូវឆ្ងាយត្រង់មកកម្ពុជាបាននាពេលខាងមុខ។ លោកជំទាវបានបន្ថែមថា នេះជាកត្តាដ៏ប្រសើរមួយជួយដល់បេសកកម្មផ្សព្វផ្សាយជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដាច់តែឯងមួយ (A Stand Alone Destination) ហើយអាកាសយានដ្ឋាននេះនឹងក្លាយជាទ្រព្យដ៏សំខាន់មួយ សំរាប់អនាគតនៃវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕









ប្រភព៖ ក្រសួងព័ត៌មាន


