គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ត្រឹមខែឧសភា ឆ្នាំ២០២៣ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនរកចំណូលបាន ៩៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន។ ចំណូលទាំងនេះ ត្រូវបានចាក់បញ្ចូលទៅក្នុងថវិកាជាតិ ខណៈថវិកាមួយចំនួនត្រូវបានបរិច្ចាគទៅក្នុងការងារមនុស្សធម៌ដូចជា៖ ការឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ និងផ្ដល់ដល់អតីតយុទ្ធជនសម្រាប់សាងសង់ផ្ទះ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ BTV។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា៖ «យើងបានលក់លេខឡានពិសេសផ្ទាល់ខ្លួន ដែលយើងចាប់ផ្ដើមពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ខែឧសភា យើងលក់បាន ១៩០០០ផ្លាកលេខ បានថវិកា ៣៣លានដុល្លារ ចូលជាតិ។ ចំណែកឯ លេខពិសេសខេត្ត-ក្រុង យើងលក់បាន ២២៨ពាន់ផ្លាកលេខ ទទួលបានថវិកា ៦២លានដុល្លារ។ គ្រាន់តែប្រព័ន្ធនេះថិវកា រកថវិកាបាន ៩៥លាន ចូលថវិកាជាតិ »។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា ៖ «ចំណូលដែលទទួលបាន យើងបែងចែកមួយផ្នែកទៅកាកកបាទក្រហមកម្ពុជាយើង។ យើងបានលក់លេខឡាន ពិសេសលេខ ២ ដែលបានតម្លៃ ២០ម៉ឺនដុល្លារ ផ្លាកលេខ ១ និងលេខ ២ ដែលមានតម្លៃ ២០ម៉ឺនដុល្លារ យើងបានសុំការអនុញ្ញាតពីសម្ដេចនាយករដ្ឋមន្រ្តី ដើម្បីផ្ដល់ថវិកា ២០ម៉ឺន នេះ ទៅមន្ទីរពេទ្យ គន្ធបុប្ផា ហើយយើងលក់លេខឡានមួយទៀត គឺលេខឡានលេខ ៥ បាន ២០ម៉ឺនដុល្លារទៀត យើងផ្ដល់ថវិកាហ្នឹងទៅកសាងផ្ទះជូនអតីតយុទ្ធជនរបស់យើង យើងរៀបចំខួបលើកទី៣ នៃការដាក់ចេញឱ្យប្រើលេខពិសេសផ្ទាល់ខ្លួន យើងប្រមូលបានថវិកា យើងសុំការអនុញ្ញាតពីសម្ដេច ដោយព្រឹកមិញនេះ ខ្ញុំបានផ្ដល់ថវិកា ១០ម៉ឺនដុល្លារទៅមន្ទីរពេទ្យគន្ធបុប្ផា និង ១០ម៉ឺនដុល្លារទៅមន្ទីរពេទ្យកុមារជាតិ នេះមកពីផ្លាកលេខឡានពិសេសផ្ទាល់ខ្លួននេះឯង»។
សូមស្ដាប់ការលើកឡើងនៅក្នុងបទសម្ភាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី នៅខាងក្រោម៖






