យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ ដើម្បីអាចប្រមូលពន្ធជូនរដ្ឋទៅតាមផែនការនយោបាយជាតិក្នុងការប្រមូលពន្ធ។
លោក យិន សុធាវី ប្រធានការិយាល័យពន្ធចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៣ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថដើម្បីចុះត្រួតពិនិត្យការអនុវត្តន៍ប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
« ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣ គឺចាប់អនុវត្តនិងប្រមូលចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ដូច្នេះការប្រមូលពន្ធគឺចាប់ផ្ដើមប្រមូលហើយនៅក្នុងឆ្នាំ ២០២៣នេះ។ អ៊ីចឹងសូមបងប្អូនជាម្ចា ស់ យានយន្តទាំងអស់សូមអញ្ជើញទៅបង់ពន្ធនៅសាខាពន្ធដារខេត្តខណ្ឌ និងធនាគារពាណិជ្ជជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគ្រប់ទីកន្លែងទាំងអស់ »។
សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដា្ឋនពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចំពោះយានយន្តថ្មី ត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្ត ត្រូវដាក់ លិខិតប្រកាសបង់ពន្ធ ចំនួន ២ សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជា មួយនូវឯកសាររួមមាន៖ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ ដោយឡែក ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារ កន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ (កាត) ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្ត បង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាស បង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែ បង្ហាញ ឬភ្ជាប់នូវឯកសារដែលអាច បញ្ជាក់ អត្តសញ្ញាណយានយន្តណាមួយ ដូចជាប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃ ទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឬលតាបត្របង់ពន្ធ ឆ្នាំចាស់សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ ទិន្នន័យ ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ មធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ៕




ប្រភព៖ ក្រសួងព័ត៌មាន


