ឯកឧត្តម ស៊ុន ចាន់ថុល៖ គម្រោងផ្លូវដែកល្បឿនលឿនកម្ពុជា តភ្ជាប់ជាមួយផ្លូវដែករបស់ថៃ និងឡាវសិក្សាចប់ហើយ កំពុងស្វែងរកដៃគូមកដាក់ទុនសាងសង់
សេដ្ឋកិច្ច July 11, 2023 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងផ្លូវដែកល្បឿនលឿន តភ្ជាប់ជាមួយផ្លូវដែក របស់ថៃ និងឡាវ កំពុងស្វែងរកដៃគូមកដាក់ទុនសាងសង់។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ រៀបរាប់ពីការរីកចម្រេីន​ ៥ឆ្នាំចុងក្រោយ​ ក្នុងវិស័យសាធារណការ​ និងដឹកជញ្ជូន​ ក្រោមម្លប់នៃសន្តិភាព​ និងការអភិវឌ្ឍ​ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានមានលើកឡើងដូច្នេះថា៖ « ផ្លូវដែកយើងបានត្រឹមតែ កែលើកជួសជុល និងថែទាំផ្លូវដែករបស់យើង គឺផ្នែកខាងត្បូងភ្នំពេញទៅក្រុងព្រះសីហនុ យើងធ្វើបានល្អហើយ កន្លែងខ្លះយើងរត់បានដល់ ៨០គីឡូម៉ែត្រកក្នុងមួយម៉ោង កន្លែងខ្លះយឺតជាងហ្នឹង ប៉ែកខាងជើងក៏យើងបានធ្វើល្អដែរ ពីប៉ោយប៉ែតមកសិរីសោភ័ណ្ឌ គឺលើកកម្រិតទម្ងន់បាន ២០តោន ក្នុងមួយផ្លូវរបស់ផ្លូវរទេះភ្លើង ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ យើងបានសិក្សា​ចប់សព្វគ្រប់ ក្នុងការលើកកម្រិត ផ្លូវដែករបស់យើងនេះ ពីផ្លូវដែកល្បឿនធម្មតា ទៅផ្លូវដែកល្បឿនលឿន ដែលអាចបើកបាន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីតភ្ជាប់ជាមួយផ្លូវដែក របស់ថៃ ហើយតភ្ជាប់ទៅផ្លូវដែករបស់ឡាវ ដឹកទំនិញ យើងត្រង់ទៅដល់ប្រទេសចិនតែម្ដង ហើយយើងកំពុងតែរកដៃគូក្នុងការដាក់ទុន ដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនរបស់យើង »។ សូមទស្សនាវីដេអូកិច្ចសម្ភាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តីពេញនៅខាងក្រោម៖

អត្ថបទ៖ លីនី