ដំណឹងល្អ! ក្រុមហ៊ុនចំនួន ៥ ដែលបោះទុនជាង ៥០លានដុល្លារ សង់រោងចក្រនៅកម្ពុជាត្រូវបាន CDC អនុម័តហើយ
សេដ្ឋកិច្ច July 11, 2023 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័ត គម្រោងវិនិយោគថ្មី ៥បន្ថែមទៀត សរុបទុនវិនិយោគជាង ៥០ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋជិត ១ម៉ឺនពាន់កន្លែង នៅរាជធានីភ្នំពេញ និងខេត្ត កំពង់ស្ពឺ តាកែវ និងខេត្តកណ្ដាល។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“TARAL INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦.៩៣៥កន្លែង។

២-“SUPER KNITTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៥៦៩កន្លែង។

៣- “UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៩៦នាក់។

៤-“ SSCA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៩១កន្លែង។

៥-“FOTON PACKAGING PRODUCT CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣១កន្លែង៕

អត្ថបទ៖ លីនី