យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលេខរៀងទី១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតនៅលេខរៀងទី៧៣ ក្នុងចំណោម១៦៣ប្រទេសជុំវិញពិភពលោក ក្នុងនាមជាប្រទេសដែលមានសុខសន្តិភាព។ នេះបើយោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីម្សិលមិញដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ «វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (អូស្ត្រាលី) ទើបបានបង្ហាញពីស្ថានភាពក្សេមក្សាន្ត (Peacefulness) របស់ប្រទេសចំនួន ១៦៣ ក្នុងពិភពលោក។ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជាយើងស្ថិតនៅទី១៣ (ក្នុងពិភពលោក យើងនៅទី៧៣ ក្នុងចំណោម ១៦៣ ប្រទេស) ដែលបានបង្ហាញឱ្យឃើញពីវឌ្ឍនភាពយ៉ាងធំធេងដែលប្រជាជនកម្ពុជាយើងបានសម្រេចបាន ក្រោមការដឹកនាំដ៏វៃឈ្លាសរបស់សម្តេចតេជោ!»។
នេះគឺជាការចេញផ្សាយលើកទី១៧ នៃសន្ទស្សន៍សន្តិភាពសកល ដែលដាក់ចំណាត់ថ្នាក់រដ្ឋឯករាជ្យ និងដែនដីចំនួន ១៦៣ ដែលមានប្រជាជនសរុប ៩៩,៧ ភាគរយ នៃចំនួនប្រជាជនពិភពលោក ដោយបានវាស់ស្ទង់ស្ថានភាពសុខសន្តិភាព របស់ប្រទេសនីមួយៗ តាមរយៈវិស័យចំនួនបី គឺ ទី១ កម្រិតនៃសុវត្ថិភាព និងសន្តិសុខសង្គម ទី២ វិសាលភាពនៃជម្លោះក្នុងប្រទេស និងកម្រិតអន្តរជាតិ និងទី៣ កម្រិតនៃយោធា។
ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងផលវិបាកនៃសង្គ្រាមនេះ គឺជាកត្តាជំរុញដ៏សំខាន់នៃការធ្លាក់ចុះនៃស្ថានភាពសុខសន្តិភាពទូទាំងពិភពលោក។ ទាំងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតក្នុងចំណោមប្រទេសដែលមានស្ថានភាពសុខសន្តិភាពទាបបំផុតទាំង១០ ហើយអ៊ុយក្រែនមានកម្រិតនៃការធ្លាក់ចុះខ្លាំងជាងគេ នៅក្នុងសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣។
ប្រទេសអ៊ីស្លង់ នៅតែរក្សាបានចំណាត់ថ្នាក់កំពូលរបស់ខ្លួន ក្នុងនាមជាប្រទេសដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក ចាប់តាំងពីការសិក្សានេះត្រូវបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ២០០៨ បន្ទាប់មកមានប្រទេសដាណឺម៉ាក និងអៀរឡង់ ខណៈដែលអាហ្វហ្គានីស្ថានគឺជាប្រទេសដែលមានកម្រិតសុខសន្តិភាពតិចជាងគេបំផុតក្នុងពិភពលោក៕


ប្រភព៖ ក្រសួងព័ត៌មាន


