យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការប្រព័ន្ធមួយឈ្មោះថា ខេមបូឌានស៊ែស្វីច ហៅកាត់ CSS ដើម្បីជាមធ្យោបាយងាយស្រួល សម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធលើគ្រប់ម៉ាស៊ីន ATM ឬ ឆូតកាតPOS របស់គ្រឹះស្ថានសមាជិក សំដៅធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធនេះ នៅថ្ងៃទី៤ ខែ កក្កដានេះ លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធនេះឡើង ដើម្បីសម្រួលប្រតិបត្តិការទូទាត់សងប្រាក់ តាមរយៈប័ណ្ណទូទាត់នៅប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធCSS លើម៉ាស៊ីនATM ដូចជាការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់ រហ័ស និងការប្ដូរលេខសម្ងាត់។ ទន្ទឹមនេះ អតិថិជន ក៏អាចធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីនឆូតកាត POS ដូចជា ការទិញទំនិញ ការពិនិត្យសមតុល្យ ការដកសាច់ប្រាក់ ការបញ្ជូនមូល និធិ ត្រឡប់មកវិញ ក៏ដូចការអនុ ញ្ញាតឱ្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចូលរួមជាសមាជិកប្រព័ន្ធនេះ ដែលនឹងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងទូលំ ទូលាយ ។
លោក ចរ សុភាព ប្រធានគណៈកម្មាធិការទូទាត់នៃសមាគមធនាគារនៅកម្ពុជា ចាត់ទុកប្រព័ន្ធមួយនេះ ចូលរួមចំណែកទប់ស្កាត់នូវការកើតឡើងជាយថាហេតុ ដូចជា ការទទួលបាននូវសាច់ប្រាក់ក្លែងក្លាយ រហែក ប្រឡាក់ និងក្រដាសប្រាក់ដែលមានបញ្ហាផ្សេងៗ ជាច្រើនទៀត ព្រមទាំងជួយឱ្យអ្នកប្រើប្រាស់ចំណេញពេលវេលា មានទំនុកចិត្ត និងមានសុវត្ថិភាព ដោយអតិថិជនទាំងអស់អាចធ្វើការទូទាត់ទំនិញតាមរយៈម៉ាស៊ីនឆូតកាត(POS) ការដកសាច់ប្រាក់ពីម៉ាស៊ីនអេធីអឹម(ATM) បានពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានទាំងធនាគារ និងស្ថាប័នមីក្រូ ហិរញ្ញវត្ថុ ដែលជាសមាជិកចូលរួមទាំងអស់នៅទូទាំងប្រទេស។
បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់CSSនេះ មានសរុប៥៦ គ្រឹះស្ថាន ក្នុងនោះសមាជិកផ្ទាល់ជាធនាគារពាណិជ្ជចំនួន៤៨ គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់ បញ្ញើចំនួន៥ និងសមាជិកមិនផ្ទាល់ជាធនាគារពាណិជ្ជមានចំនួន៣៕


ប្រភព៖ ក្រសួងព័ត៌មាន


