ខេត្តស្ទឹងត្រែង រៀបចំឱ្យមានសហគមន៍ម្នាស់ទឹកឃ្មុំដើម្បីផលិតភេសជ្ជៈនិងស្រា
សេដ្ឋកិច្ច July 4, 2023 Khmernote

ស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ម្នាស់ទឹកឃ្មុំដែល ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ហើយភ្ញៀវទេសចរនិយមទិញទៅបរិភោគនោះ ត្រូវបានរៀបចំជាសហគមន៍ម្នាស់ ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ផលិតផលទាញយកទីផ្សារ និងបានបង្កើនប្រាក់ចំណូលទៅកសិករអ្នកដាំ។

ក្នុងឱកាសចុះសិក្សាចម្ការម្នាស់កសិករ នៅភូមិ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងថ្ងៃទី០៣កក្កដា ឯកឧត្តមឡូយសុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖ ជាទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អនុវត្តវិស័យកសិឧស្សាហកម្ម កសិទេសចរណ៍ និងកសិពាណិជ្ជកម្មជ្រុងមួយដែលជាយុទ្ធសាស្ត្រ ក្នុងការលើកទឹកចិត្តដល់កសិករ ហើយស្ថាប័នជុំវិញ និង រៀបចំសហគមន៍ម្នាស់ផ្អែមដូចទឹកឃ្មុំនេះ ។

” ចំពោះម្នាស់នៅខេត្តស្ទឹងត្រែងយើងកំពុងរៀបចំសហគមន៍ ដើម្បីប្រជាជនបានរៀនសូត្រ ហើយគាត់នឹងយកចំណេះដឹងទាំងនេះពង្រីកទៅតាមគ្រួសារ។”

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាការបោះជំហានថ្មីមួយទៀត ដែលធ្វើឱ្យកសិករមានឱកាសពង្រីកការដាំដុះឱ្យបានច្រើន ហើយមន្ទីរនឹងខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យម្នាស់ទឹកឃ្មុំនេះ បានក្លាយជាកសិផលមានទីផ្សារល្អ។ (សំឡេង)នេះក្នុងទិសដៅមួយជំរុញឱ្យការផលិតម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមកហើយនេះឱ្យកាន់តែមានច្រើនឡើងថែមទៀត ជាពិសេសសម្របសម្រួលកៀរគរឱ្យមានទីផ្សារពីខាងក្រៅ ដើម្បីចូលមកជួយប្រមូលទិញផលិតផលម្នាស់ ដែលកសិករនៅខេត្តស្ទឹងត្រែងផលិតបាន។

លោក សាយ ករុណា កសិករដាំម្នាស់ទឹកឃ្មុំនៅភូមិអូរឫស្សីកណ្តាល បានបញ្ជាក់ថា៖នៅចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤ ខាងមុខនេះ លោកមានបំណងដាំម្នាស់ឱ្យបាន ១លាន២សែនដើមនៅលើផ្ទៃដីចម្ការទំហំ ១៥ហិកតា។

លោកបន្តថា៖កន្លងមកម្នាស់ដែលដាំបាន ក្រៅពីលក់ផ្លៃនៅក្នុងស្រុក លោកបាន កែច្នៃទឹកម្នាស់ឱ្យទៅជាស្រាផលិតចេញពីផ្លែម្នាស់ ដើម្បីតម្រូវតាមការលក់នៅក្នុងស្រុកផង និងមានការបញ្ជាទិញពីភាគីចិនផងដែរ។

“រីឯការងារទំនាក់ទំនងនាំចេញជាមួយភាគីខាងចិន បានបញ្ជាក់ដែរថា គាត់កំពុងតែស្វះស្វែងបន្តធ្វើបទបង្ហាញ នៅស្រុកចិន ហើយនៅពេលណាមានដំណឹងល្អ និងចុះកិច្ចព្រមព្រៀងមួយកំណត់ការ នាំចេញនៅថ្ងៃណាមួយច្បាស់លាស់ មានចំនួនប៉ុន្មាន ហើយបច្ចុប្បន្ននេះនិងព្យាយាមមួយមុខទៀត គឺបាននាំយកស្រាម្នាស់ ទៅធ្វើការ តាំងពិព័រណ៌នៅប្រទេសចិនផ្ទាល់ ហើយបន្ទាប់ពីបានលទ្ធផលយ៉ាងណានិងចុះធ្វើការកុងត្រាផ្ទាល់។”

សូមបញ្ជាក់ថា៖ម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូកខេត្តស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនមួយមកពីប្រទេសចិន បានមកចុះអនុស្សរណៈនៃការយោគយល់ (ហៅថាMOU )នឹងនាំផ្លែម្នាស់និងស្រាម្នាស់ទឹកឃ្មុំ ជាភេសជ្ជៈ ទៅកាន់ទីផ្សារប្រទេសចិន ដោយសារតែម្នាស់ជាផលិតផល មានរសជាតិឆ្ងាញ់ប្លែក ដែលកើតចេញពីដំណាំកសិកម្ម ផលិតដោយកសិករក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន