យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកា២៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់របបថែទាំសុខភាពបុគ្គលិក បម្រើការផ្នែកសេវាកម្សាន្ដនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ថែមលើរបបដែលមានស្រាប់ចំនួន២ធំៗ ដែលទី១ គឺរបប ប.ស.ស និង ទី២ របបមូលនិធិសម្រាប់ប្រជាពលរដ្ឋក្រីក្រ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្តនូវរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេច ផ្តល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ។
ឯកឧត្តមបណ្ឌិត រាជរដ្ឋាភិបាល ប៉ាន់ប្រមាណថាក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណ ២៣ម៉ឺនដុល្លារបន្ថែមទៀត ទៅលើរបបថែទាំសុខភាពសម្រាប់បុគ្គលិកបម្រើការ សេវាកម្សាន្ដនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលរាជរដ្ឋាភិបាលទើបនឹងប្រកាសដាក់ឱ្យអនុវត្តនៅក្នុងខែមិថុនាកន្លងទៅនេះ ។
សំឡេង៖ « ក្នុងរបបថែទាំសុខភាពនេះគឺមានតែរបរពីររួចទៅហើយ ដែលកំពុងអនុវត្ត ក្នុងពេលបច្ចុប្បន្ន នេះ របបទីមួយគឺរបប ប.ស.ស អ៊ីចឹងមួយចំនួនធំគឺឋិតនៅក្នុងប្រព័ន្ធ ដូច្នេះសម្រាប់នៅក្នុងប្រព័ន្ធ គឺទទួល បានការគ្របដណ្ដប់ហើយ ទោះបីជាគាត់បម្រើការក្នុងសេវានោះក៏ដោយ ទីពីរបើសិនជាគាត់ក្រីក្រ គឺមាន តែរបបមូលនិធិសមធម៌បច្ចុប្បន្នហើយ ដូច្នេះក្រុមគោលដៅនេះ គឺដើម្បីបំពេញបន្ថែមនូវរបប ដែលកំពុង តែអនុវត្តនោះ ហើយជាតួលេខគឺមានការគណនាការប៉ាន់ស្មានបឋមនោះគឺ មានប្រមាណជា២៣ម៉ឺនដុល្លារ ក្នុងការគ្របដណ្តប់ក្នុងមួយឆ្នាំ ដោយសារតែមានជាប់ពាក់ព័ន្ធទៅនឹងចំណុចទី១រឿងទិន្នន័យសរុបនេះ គឺជាការប៉ាន់ស្មានដោយឈរលើការវាយតម្លៃទិន្នន័យ ដែលយើងគិតថា អាចនឹងមាន បងប្អូននៅក្នុង ក្រុមគោលដៅនេះនឹងមកចុះឈ្មោះ » ។
បើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ បានឱ្យដឹងថា គិតមកដល់ពេលនេះ ចំនួនអ្នកដែលបាន ចុះបញ្ជីរួចរាល់មានចំនួន២ ១៤៦នាក់ ក្នុងនោះស្រ្តីមានចំនួន១ ៤២៧នាក់ ក្នុងនោះ ក្រសួងនឹងបង្កើន ល្បឿន ក្នុងការចេញបណ្ណនេះឱ្យបានច្រើនជាអតិបរមា ។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់និយោជក និងម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុង សេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ជូនទៅ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវមុននឹងស្នើទៅ បេឡាជាតិសន្តិសុខ សង្គម(ប.ស.ស) ដើម្បីចុះបញ្ជីឱ្យពួកគាត់អាចទៅទទួលអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌ សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំងប្រទេសដោយឥតបង់ថ្លៃសេវា៕

ប្រភព៖ ក្រសួងព័ត៌មាន


