ក្រសួងកសិកម្ម៖ កម្ពុជា មានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មជិត ៩ពាន់តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅប្រទេសធំៗចំនួន ៣
សេដ្ឋកិច្ច July 3, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាមានសមត្ថភាពនៃការផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មឆ្នាំ២០២២ ប្រមាណចំនួន ៨.៩០០តោន ក្នុងមួយឆ្នាំ ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជាប្រទេសបារាំង អាមេរិក កូរ៉េ ជាដើម។

ទាក់ទងនឹងការកែច្នៃប្រហុកសម្រាប់ពាណិជ្ជកម្មនេះ កាលពីចុងខែមិថុនា កន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយមូលនិធិគីណាល់ ស្ដីពីការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំងបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការនិងស្តង់ដាទីផ្សារ។ ដើម្បីជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមជម្រាបជូនថា ប្រហុកត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។ បើតាមអង្គការ UNIDO បានឱ្យដឹងថាប្រជាជនកម្ពុជាបរិភោគប្រហុកជាមធ្យមប្រមាណចំនួន ១៨ក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ