យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា ប្រទេសវៀតណាម នឹងកាត់បន្ថយថ្លៃចុះបញ្ជីរថយន្តនៅត្រឹមពាក់កណ្ដាលនៃតម្លៃដើម ដើម្បីជម្រុញការលក់ឡើងវិញ។ ការកាត់បន្ថយថ្លៃចុះបញ្ជីនេះ គឺធ្វើឡើងសម្រាប់តែរថយន្តដែលផលិត ដំឡើងក្នុងស្រុក តែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ យោងតាមក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញកាលពីថ្ងៃពុធ ម្សិលមិញនេះ ការកាត់បន្ថយនេះ នឹងត្រូវបានធ្វើឡើងរយៈពេល ៦ខែ ពោលគឺនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដាតទៅ ដោយតម្លៃដើមនឹងត្រឡប់ដូចដើមវិញចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
រម្លឹកផងដែរថា វៀតណាមបានចេញការកាត់បន្ថយ ៥០% ដូចគ្នាសម្រាប់រយៈពេលប្រាំមួយខែកាលពីឆ្នាំ ២០២០ និង២០២២ ដើម្បីជំរុញការប្រើប្រាស់ ហើយការផ្លាស់ប្តូរនេះ បណ្តាលឱ្យការលក់កើនឡើងទ្វេដងណៅក្នុងឆ្នាំទាំងពីរនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ រថយន្តចំនួន ១១៣,៥០០ គ្រឿងត្រូវបានលក់ ដែលចំនួននេះធ្លាក់ចុះ ៣៦% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


