ដើម្បីប្រជែងនឹងវៀតណាម ប្រទេសថៃ កាត់បន្ថយរយៈពេលដឹកទុរេនទៅទីផ្សារចិនមកត្រឹម ៤ថ្ងៃវិញ
សេដ្ឋកិច្ច June 29, 2023 Khmernote

ក្រុមហ៊ុននាំចេញរបស់ថៃ កំពុងកាត់បន្ថយពេលវេលាក្នុងការដឹកទុរេននាំចេញទៅប្រទេសចិនពីរយៈពេល ៨ថ្ងៃ មកត្រឹម ៤ថ្ងៃ វិញ ដោយការកាត់បន្ថយពេលវេលានេះ គឺដើម្បីប្រកួតប្រជែងជាមួយវៀតណាម ពោលគឹប្រើពេលខ្លីដឹកជញ្ជូន ទុរេននៅស្រល់ល្អ មិនសូវខូចគុណភាព។

លោក TerapongTechasathian ជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុន Pan-Asia Silk Road Ltd ដែលប្រតិបត្តិការផ្លូវដែកបាននិយាយថា កាលពីខែមេសា ក្រុមហ៊ុនបានកំណត់កំណត់ត្រាដោយការដឹកជញ្ជូនទុរេនចំនួន ២៥ កុងតឺន័រ ពីប្រទេសថៃទៅកាន់ប្រទេសចិនក្នុងរយៈពេលមួយថ្ងៃ។

ដោយឡែក នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផ្លែឈើរបស់វៀតណាម Vina T&T លោក Nguyen Dinh Tung បាននិយាយថា ប្រទេសថៃ កំពុងធ្វើការផ្លាស់ប្តូរដើម្បីបង្រួបបង្រួមចំណែកទីផ្សារទុរេនរបស់ខ្លួននៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកើនឡើងពីប្រទេសវៀតណាម។ លោក Nguyen បានបន្ថែមទៀតថា អ្នកនាំចេញរបស់វៀតណាមត្រូវតែត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងមិនត្រឹមតែពីប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងម៉ាឡេស៊ី និងហ្វីលីពីនផងដែរសម្រាប់ទីផ្សារប្រទេសចិនជាមួយនឹងការព្យាករណ៍ថា តម្រូវការនឹងកើនឡើងដល់ ២ លានតោនក្នុងមួយឆ្នាំនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសថៃបានដឹកជញ្ជូនទុរេនស្រស់ចំនួន ៤៧៧,៧០០តោន ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ខែដំបូង ដែលមានតម្លៃខ្ពស់បំផុត ១.៧៥ ពាន់លានដុល្លារ និងខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំ។ ក្នុងរយៈពេលដូចគ្នានេះដែរ ការ​នាំ​ចេញ​ទុរេន​ស្រស់​របស់​វៀតណាម​ទៅ​ប្រទេស​ចិន ក៏បាន​កើន​ឡើង ១៨ ដង ​ដល់ចំនួន ៤៧៧ លាន​ដុល្លារ ខណៈប្រទេសចិនមានចំណែក ៩៥% នៃការនាំចេញទុរេនទាំងអស់ពីប្រទេសវៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress