យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។
ទន្ទឹមនឹងសមិទ្ធផលថ្មី ទីលានទុកដាក់សំរាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលធំៗនានា ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បានអនុវត្ត កំពុងអនុវត្ត និងគ្រោងអនុវត្ត។ ក្នុងនោះបានរំលេចជាពិសេសអំពី គម្រោងផ្លូវជាតិលេខ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់លែង, គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះ មកកាន់កំពង់ធំ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ មិថុនា, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឆ្លងកាត់កំពង់ធំ ដែលបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់, គម្រោងសិក្សាផ្លូវដែកពី ប៉ោយប៉ែត-សៀមរាប-កំពង់ធំ-កំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញ និងបន្តទៅកាន់ក្រុងបាវិត និងភ្ជាប់ជាមួយផ្លូវដែកប្រទេសវៀតណាម, គម្រោងកំពង់ផែ និងមណ្ឌលភស្តុភារកម្ម កំពង់ឆ្នាំ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបបានអនុម័តលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅ។
គួរបញ្ជាក់ផងដែរថា ទីលានទុកដាក់សម្រាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។ សាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់ នៅក្នុង ជុំវិញទីរួមខេត្តកំពង់ធំ៕







ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


