រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ស្នេីក្រុមហ៊ុនជប៉ុនដែលល្បីឈ្មោះក្នុងការផលិតទឹកស្អាត វិនិយោគអាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូច និងធំបន្ថែមទៀត នៅភ្នំពេញ និងបណ្ដាខេត្តនានា
សេដ្ឋកិច្ច June 23, 2023 Khmernote

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នេីដល់ថ្នាក់ដឹកនាំក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីក្នុងការផលិតទឹកស្អាត និងកិច្ចការពារបរិស្ថាន ពិនិត្យលទ្ធភាពវិនិយោគបន្ថែមទៀត ទាំងអាងប្រព្រឹត្តិកម្មទឹកស្អាត ខ្នាតតូច និងខ្នាតធំ សម្រាប់តំបន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តផ្សេងៗទៀត ដេីម្បីសម្រេចគោលដៅ ឆ្នាំ២០៣០ ឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រេីប្រាស់គ្រប់ខ្នងផ្ទះ ក៏ដូចជា ដេីម្បីបំពេញតម្រូវការចំពោះកំណេីនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងភាពរីកលូតលាស់ខាងសេដ្ឋកិច្ចសង្គម។

ការស្នើសុំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ជាមួយ លោក SATO Mikio នាយកក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD នៃប្រទេសជប៉ុន និងសហការី នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះដែរ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចង់ឲ្យក្រុមហ៊ុនផលិតលក់ក្នុងតម្លៃសមរម្យមួយ ចំពោះអាងប្រព្រឹត្តកម្មទឹកស្អាតខ្នាតតូចដែលយេីងមានលទ្ធភាពអាចទិញដាក់ពង្រាយនៅតំបន់ប្រជាពលរដ្ឋដែលមិនទាន់មានបំពង់ទឹកស្អាតទៅដល់រួមទាំងតំបន់កោះផងដែរ។

ជាការឆ្លើយតប លោក SATO Mikio នាយកក្រុមហ៊ុន KOBELCO ECO-SOLUTION CO.,LTD បានបង្ហាញនូវជំហររបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍវិស័យទឹក ស្អាតនៅកម្ពុជា រួមទាំងការកែច្នៃទឹកកខ្វក់ ក្នុងកិច្ចចូលរួមការពារបរិស្ថានផងដែរ។ ចំពោះសំណេីររបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ខាងលើ លោកបានចាត់ទុកថា មានសារៈសំខាន់សម្រាប់កម្ពុជា ក្រុមហ៊ុន នឹងកត់ត្រាបញ្ហានេះហេីយ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងបន្ថែមទៀត ដេីម្បីចូលរួមឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតរបស់ខ្លួននាពេលខាងមុខ៕

អត្ថបទ៖ លីនី