ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ កន្លែង ដែលបង្កើតការងារដល់ប្រជាពលរដ្ឋ ជាង២ម៉ឺននាក់
សេដ្ឋកិច្ច June 19, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ និងជួយជំរុញសេដ្ឋកិច្ចខេត្តឲ្យកាន់តែរីកលូតលាស់ល្អ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នក យកព័ត៌មានរបស់វិទ្យុជាតិ កម្ពុជាឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេស ខេត្តបន្ទាយមានជ័យទទួលបានការអភិវឌ្ឍឥតឈប់ឈរទាំងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និង កសិឧស្សាហកម្មជាច្រើនដែលកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋងាកមកធ្វើការងារទាំងអស់នេះវិញ។

ឯកឧត្តមបានបន្តថា ឥឡូវនេះខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ កន្លែង និងមាន សួនឧស្សាហកម្ម១កន្លែងដែលកំពុងដំណើរការលើការផលិតគ្រឿងអលង្ការ វាយនភ័ណ្ឌ និងកែច្នៃផល អនុផលកសិកម្ម ដែលប្រើប្រាស់កម្មករជាង ២ ម៉ឺននាក់។

“ពីមុនយើងមិនដែលមានតំបន់សេដ្ឋកិច្ចពិសេសទេ ប៉ុន្តែឥឡូវយើងមានរហូតដល់៥ ដែលកំពុង ដំណើរការ ៤ និងមានសួនឧស្សាហកម្ម១ដែលមានរោងចក្រជិត២០ រោងចក្រដែលស្រូបទាញការងារជាង ២ ម៉ឺននាក់ ក្នុងនោះយើងមិនទាន់គិតមូលដ្ឋានផលិតកម្មសិប្បកម្មតូចៗជាង១ពាន់ទៀតដែលមានបុគ្គលិក ២នាក់៣នាក់ ៥នាក់ ១០នាក់ ២០នាក់មានច្រើនពាន់ទៀត ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ យើងមាន គ្រប់ទាំងអស់ ហេដ្ឋារចនាសម្ព័ន្ធមានតាំងពីផ្លូវជាតិទៅពីស្រុកទៅឃុំ ពីឃុំទៅភូមិ ហើយផ្លូវជាតិទាំងអស់ អត់មានផ្លូវជាតិណាមួយដែលអត់មានកៅស៊ូទេ គឺមានទាំងអស់តាំងពីភ្នំពេញផ្លូវជាតិលេខ ៥ ព្រំដែនកៅស៊ូ យើងចង់ទៅដល់ឧត្តរមានជ័យចង់ទៅប៉ៃលិនគឺតជាប់គ្នា ចឹងបានខ្ញុំបញ្ជាក់ជូនថា គ្រប់វិស័យទាំងអស់ យើងទទួលបានការអភិវឌ្ឍក្រោមគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា”។

ឯកឧត្តមបានបញ្ជាក់ផងដែរថា តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយខេត្តបន្ទាយមានជ័យ ពីតំបន់ដាច់ស្រយាលនិងស្ងាត់ ដែលគ្មានមនុស្សរស់នៅ ទៅជាតំបន់អ៊ូអរពេញទៅដោយការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ជាពិសេសទីក្រុងប៉ោយប៉ែត​ហើយប្រជាពលរដ្ឋមានការងារធ្វើ គ្រប់ៗគ្នាបានចំណូលសមរម្យនិងស៊ីវីល័យ។

ឯកឧត្តមបន្តថា ក្រុមហ៊ុនដែលបោះទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាក្រុមហ៊ុនបរទេសមានដូចជា ក្រុមហ៊ុនថៃ ជប៉ុន និងចិនជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន