យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា បន្ទាប់ពីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធរួចមក ការកែសម្រួលអត្រាពន្ធគយនិងអាករលើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែកក្កដា នេះតទៅ។
ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ ក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយអនុក្រឹត្យលេខ១២២អនក្រ.បកចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេសនិងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសាលាជាតិគយ ដោយមានការចូលរួមពី សភាពាណិជ្ជកម្មកម្ពុជាសមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញ សមាគមធុរកិច្ចជប៉ុននៃ កម្ពុជា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមអ្នកលក់រថយន្តកម្ពុជា ធុរជននិង ជើងសាគយពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានលើកឡើងពីគោលបំណងក្នុងការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធពីការសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាលក្នុងការកែសម្រួលអត្រាពន្ធគយ និង អាករលើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែកក្កដា នេះតទៅ។ ឯកឧត្ដមបណ្ឌិតបានរម្លឹកថា កន្លងមកអត្រាពន្ធនិងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចព្រមទាំងដើម្បីរក្សាបាននូវតុល្យភាពនៃការជំរុញសកម្មភាពពាណិជ្ជកម្មទាក់ទាញវិនិយោគ និងការប្រមូលចំណូលចូលថវិកាជាតិ។ ឯកឧត្តមបណ្ឌិតក៏បានគូសរំលេចនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្តផ្នែកពន្ធនិងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះអភិវឌ្ឍន៍វិស័យអាទិភាពនានារួមមាន វិស័យកសិកម្ម, វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងផលិតកម្ម, វិស័យដឹកជញ្ជូន, ការរួមចំណែកក្នុងការការពារបរិស្ថាន និងការសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសក្នុងបរិបទដែលកម្ពុជាបាននិងកំពុងរងនូវផលប៉ះពាល់ខ្លាំងបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ អតិផរណា និងការថមថយកំណើនសេដ្ឋកិច្ចសកល។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា តាមរយៈបទបង្ហាញរបស់មន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាការកែសម្រួលពន្ធអាករលើកនេះ មានទ្រង់ទ្រាយធំដោយពាក់ព័ន្ធនឹងមុខទំនិញសរុបរហូតដល់ ១៤៤៣ បន្ទាត់ពន្ធ។ ក្នុងចំណោមនោះភាគច្រើនគឺជាការ “ការបញ្ចុះអត្រា” លើក្រុមទំនិញមានមុខសញ្ញាលើកទឹកចិត្តក្នុងគោលបំណងលើកទឹកចិត្តបន្ថែមទៀត ដល់វិស័យអាទិភាពមួយចំនួនដូចជាវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល, និងមុខទំនិញដែលបម្រើដល់ការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ,ព្រមទាំងមុខទំនិញ យានយន្តដើម្បីរួមចំណែកជួយដល់វិស័យ ឡូជីស្ទីកដែលជួបប្រទះការលំបាកបណ្តាលមកពីវិបត្តិនៃការផ្ទុះរាលដាលជម្ងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែននិងការថមថយកំណើនសេដ្ឋកិច្ចសកល។ ជាមួយគ្នានេះ ក៏មានការដំឡើងអត្រាពន្ធនិងអាករលើមុខទំនិញមួយចំនួនតូច ដែលមិនសូវមានការនាំចេញនាំចូលក្នុងគោលដៅធ្វើឱ្យមានសង្គតិភាពគ្នាទៅនឹងអត្រាពន្ធ និងអាករនៃមុខទំនិញប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ ដោយសារការ “បញ្ចុះអត្រា” មានច្រើនជាងការ “ដំឡើងអត្រា” នេះហើយ ទើបធ្វើឱ្យអត្រាពន្ធមធ្យម (Unweighted Average Tariff Rate) របស់តារាងពន្ធគយកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធ និងអាករនេះចូលជាធរមាន នឹងថយចុះពី១១.៦២ភាគរយ មកត្រឹម១០.៧៦ភាគរយ ប៉ុណ្ណោះ ដែលជាសូចនាករមួយឆ្លុះបញ្ចាំងពីជំហានថ្មីមួយទៀតនៃការកាត់បន្ថយរបាំងពន្ធគយរបស់កម្ពុជា។
សូមជម្រាបជូនថា សិក្ខាសាលាបានដំណើរទៅដោយទទួលការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អ្នកចូលរួមទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការខិតខំស្វែងយល់ឱ្យបានច្បាស់លាស់នូវខ្លឹមសារនៃអនុក្រឹត្យលេខ១២២ អនក្រ.បក នេះ ដើម្បីអាចតម្រង់ទិសដៅអាជីវកម្មរបស់ខ្លួនបានសមស្រប និងអាចទាញយកផលចំណេញបានជាអតិបរមា ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ។ទន្ទឹមនេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានជំរុញឱ្យសមាជិកនៃអង្គសិក្ខាសាលាជួយផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យនេះ បន្តទៅភាគីពាក់ព័ន្ធទាំងអស់ឱ្យបានកាន់តែទូលាយបន្ថែមទៀតផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


