ខេត្តព្រះសីហនុ ស្រូបយកគម្រោងសាងសង់ផ្សារទំនើបមួយ និងគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំមួយ សរុបទុនជាង ២០លានដុល្លារ
សេដ្ឋកិច្ច June 16, 2023 Khmernote

ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគធំៗជាច្រើន ដែលជួយឱ្យខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែរីកចម្រើន និងទាក់ទាញ។ យ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តព្រះសីហនុ នឹងទទួលបានគម្រោងសាងសង់ផ្សារទំនើបមួយ និងគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) មួយ ដែលមានទុនវិនិយោគសរុប ២២.៥ដុល្លារ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។

២-“ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង៕

អត្ថបទ៖ លីនី