រយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានចំនួន ១ ៨២៦លានដុល្លារ
សេដ្ឋកិច្ច June 16, 2023 Khmernote

ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលពន្ធបានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបាន ៣ ២៥៨.០១ ប៊ីលានរៀល (ប្រមាណជា ៨០៤.៤៥ លានដុល្លារ) ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន ៣ ០៤០.៣៧ ប៊ីលានរៀល (ប្រមាណជា ៧៥០.៧១ លានដុល្លារ)។ ឯកឧត្តម បានបញ្ជាក់ទៀតថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៦៩ លានដុល្លារ)៕

អត្ថបទ៖ លីនី