សម្ដេចតេជោ ហ៊ុន សែន៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់ ៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួន ១០,៨លាននាក់
សេដ្ឋកិច្ច June 15, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់ និងបន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ នេះបើតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង បញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្ដីពីការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ គោលនយោបាយស្តីពីពលករទេសន្តរប្រវេសន៍ឆ្នាំ២០១៩-២០២៣ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក កម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ ព្រមទាំងផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។ សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីផ្ដល់លទ្ធភាពទទួលបានការបណ្ដុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ ជនជាតិដើមភាគតិច ជនងាយ រងគ្រោះ និងកម្មករនិយោជិត។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបន្ដថា ជាលទ្ធផលរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និង កម្មករនិយោជិតប្រមាណ ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្ដាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ បានយ៉ាងច្រើន។ ជាមួយគ្នានេះក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតកម្មវិធីបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ពិសេសរយៈពេល៤ខែដល់កម្មករ និយោជិតនិងយុវជន ដើម្បីទទួលបានឱកាសការងារថ្មី និងបង្កើតមុខរបរដោយខ្លួនឯងបានចំនួន ២១ ៥០០ នាក់ និងបណ្ដុះ បណ្តាលជំនាញទន់ដល់កម្មករនិយោជិតបានចំនួន ៦៨ ០០០នាក់។

បន្ថែមពីនេះ រាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បី ផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញ តម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើន សេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនេះ បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

សម្ដេចតេជោក៏បានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍ ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥៕

ប្រភព៖ ក្រសួងព័ត៌មាន